អ្នកជំងឺកូវីដ១៩ ច្រើនតែជាអ្នកមានកង្វះវីតាមីនដេ ហើយការខ្វះវីតាមីនដេ ទំនងជាបង្កើនគ្រោះធ្លាក់ខ្លួនឈឺ កូវីដ១៩ ធ្ងន់ធ្ងរទៀតផង

32 views | 2020-11-05 10:27:51

បើតាមការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អេស្ប៉ាញ​ ចេញផ្សាយក្នុងទំព័រ​ទស្សនាវដ្តីសុខភាព Journal of Clinical Endocrinology & Metabolism នៅថ្ងៃទី ៣០​តុលា២០២០ អ្នកជំងឺកូវីដ១៩ ច្រើន​តែ​ជា​អ្នកមាន​កង្វះ​វីតាមីនដេ។ ហើយ​ការ​ខ្វះ​​វីតាមីន​ដេ ទំនង​ជា​បង្កើន​គ្រោះ​ធ្លាក់​ខ្លួន​ឈឺ កូវីដ១៩ ធ្ងន់ធ្ងរ ទៀតផង។ ការសិក្សាក្នុង​ទ្រង់ទ្រាយធំ ស្តី​អំពី​ឥទ្ធិពល​របស់​វីតាមីនដេ ចំពោះ​ជំងឺ​កូវីដ​១៩​កំពុង​ចាប់​ផ្តើម។ តើ​អ្វី​ទៅ​ជា​ ​វីតាមីនដេ ? វីតាមីនដេ មាន​តួនាទី​យ៉ាងណាខ្លះ?  តើកង្វះ​វីតាមីនដេ អាច​បង្ក​ផលវិបាកយ៉ាង​ណា​ចំពោះ​សុខភាព​ទូទៅ? ​តើ​វីតាមីនដេ អាច​ដើរតួនាទី​ជា​អ្នកការពារ​​ជំងឺកូវីដ១៩​បាន​យ៉ាងណា​នោះ? តើ​អ្វី​ជា​ប្រភព​ផ្តល់​វីតាមីដេ ?

​ល្អ​សម្រាប់​ឆ្អឹង ល្អ​សម្រាប់​សាច់​ដុំ និង​ បេះដូង វីតាមីនដេ ជា​វីតាមីន​ដែល​មិនអាច​ខ្វះ​បាន​។ សរីរាង្គ​កាយមនុស្ស​ ​​​មាន​ដំណើរការ​ល្អបាន​ ចាំ​បាច់​ត្រូវ​មាន​វីតាមីន ដេ គ្រប់​គ្រាន់​។  ប៉ុន្តែ​​​កង្វះ​វីតាមីនដេ មិនមែន​ជា​ករណី​កម្រ​ទេ។ មនុស្ស​ជិត​កន្លះ​ផែន​ដី​ខ្វះ​វីតាមីនដេ។ ​នៅ​ប្រទេស​បារាំង បើតាមស្ថិតិ​​ជាតិ មានពលរដ្ឋ​ដល់​៨០%​ មាន​បញ្ហា​ខ្វះ​វីតាមីនដេ ជាពិសេស​នៅ​រដូវ​រងារ។ ​រដូវ​រងារ ដែល​មាន​រយៈ​ពេល​វែង និង ​ពុំ​សូវ​មានពន្លឺថ្ងៃ (យប់​យូរ​ជាង​ថ្ងៃ​) ហើយ​មនុស្ស​​ត្រូវ​ស្លៀកពាក់​ការពារ​ត្រជាក់​ គ្របរាងកាយ​តាំង​ពី ក្បាល​ដល់​ចុង​ជើង សល់​តែ​ប្រលោះ​មុខបន្តិច។

បើតាម​ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង ជន​ដែលប្រឈម​នឹង​​រងគ្រោះខ្វះ​វីតាមីនដេ ជាង​គេ គឺ​ មនុស្ស​​វ័យ​ចំណាស់ មនុស្ស​សម្បុរស្បែក​ស្រគាំ ឬ​ខ្មៅ​ ព្រោះ​សម្បុរបែប​នេះ​មិន​សូវ​ធ្វើ​សំយោគ​ជាមួយ​នឹង​ពន្លឺ​​ព្រះ​អាទិត្យ និង​ស្ត្រី​ដល់​វ័យ​អស់​រដូវ ដែល​ក្នុង​ដំណាក់កាល​នេះ​ប្រព័ន្ធ​អ័រមូន​មាន​ការ​ប្រែប្រួលខ្លាំង​។

ខុស​ពី​វីតាមមីន​សេ ​ខ្លួនប្រាណមនុស្ស​អាច​ផលិត វីតាមីន​ដេ បាន​ដោយ​ខ្លួន បាន​មួយ​ចំណែក តាមរយៈស្បែក​ដែល​ធ្វើ​សកម្មភាពស្រូប​​រស្មី​​​ពន្លឺព្រះអាទិត្យ​មក​សំយោគ​ជាមួយ​នឹង​ខ្លាញ់​កូឡេស្តេរ៉ូល។ វីតាមីនដេ​មួយ​ភាគ​ទៀត​ បាន​មក​ពី​ការ​ប្រភពខាង​ក្រៅ ពោល​គឺ​តាមរយៈ​ការ​ទទួល​ទានចំណីអាហារ​។

គេអាច​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​មាន​វីតាមីនដេ​មិន​គ្រប់គ្រាន់​ នៅ​ពេល​លទ្ធផល​វិភាគ​ឈាម​បង្ហាញ​ថា​ អត្រា​វីតាមីន​ដេ ធ្លាក់​ចុះក្រោម ​២០ ណាណូក្រាម​ ក្នុង​១មីល្លីលីត្រ​ឈាម។ បើ​ធ្លាក់​ក្រោម​១២ណាណូក្រាមក្នុង​មួយ​មីល្លឺលីត្រឈាម​ នោះ​ទើប​ចាត់​ទុក​ថា​មានកង្វះ​វីតាមីនដេ។ ក្រៅ​អំពីការធ្វើ​តេស្ត​វិភាគ​ឈាម​ គេ​អាច​សម្គាល់​អាការៈ​ខ្វះ​វីតាមីនដេ បាន​ដោយ​ឆ្អឹង​មានការ​លូត​លាស់​មិន​ត្រឹម​ត្រូវ​ (អាច​នឹង​ធ្វើ​ឱ្យ​ក្មេង ជា​ពិសេស​​មាន​អាការៈ​​ក្រិស ព្រោះ​ទ្រង់ទ្រាយ​ឆ្អឹង​ខូច​លូតលាស់​មិន​ល្អ) ឬ   បាត់​បង់កំហាប់​ឆ្ឆឹង (ឆ្អឹង​ស្តើង-ស្ពោត) ​ដែល​ជា​ហេតុ​នាំ​ឆ្អឹង​ងាយបាក់ (បើ​គ្មាន​លំហាត់​ប្រាណ​និង​ការ​ធ្វើ​កីឡាជា​ទម្លាប់​ល្អ​ទៀត ហានិភ័យ​បាក់​ឆ្អឹង​នឹង​កើន​ឡើង​កាន់​ខ្ពស់​ខ្លាំង)។ឈឺ​ចាប់​សាច់​ដុំ​ ឬ​សាច់​ដុំ​ខ្សោយ​ ក៏​ជា​សញ្ញា​មួយ​កង្វះ​វីតាមីនដេ​ដែរ។ អាការៈ​បែប​នេះ​អាច​ធ្វើឱ្យ​មនុស្ស​ចាស់​​កាន់​តែ​ងាយ​ដួល ហើយ​បាក់​ឆ្អឹងណាមួយ​បាន។ កង្វះ​វីតាមីនដេ អាច​ធ្វើ​អ្នក​មាន​អារម្មណ៍​នឿយហត់​អស់​កម្លាំង​ជា​ប្រចាំ។

​​ផលវិបាក​នៃ​កង្វះ​វីតាមីនដេ

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត  Pr Patrick Tounian ប្រធានផ្នែក​ពោះវៀន​ក្រពះ​និងចំណីអាហារ​ នៅ​មន្ទីរពេទ្យ Armand Trousseau ក្រុង​ប៉ារីស ៖ “វីតាមីនដេ មាន​តួនាទី​ជា​ស្រូប​ជាតិ​កាល់ស្យូម ពី​ចំណីអាហារ​ដែល​យើង​ទទួល​ទាន​ចូល​ទៅ​។ ​បើ​​គ្មាន​វីតាមីនដេ​គ្រប់គ្រាន់​​ទេ ខ្លួនប្រាណ​យើង​នឹងមិន​អាច​ទទូល​បាន​ជាតិ​កាល់ស្យូមពី​ប្រព័ន្ធ​រំលាយ​អាហារ​បានឡើយ ហើយ​ជាតិកាល់ស្យូម​នេះ​មិន​អាច​ទៅបំប៉ន​​​ឆ្អឹងបាន​ដែរ​​។ និយាយ​ជា​រួម​ វីតាមីនដេ មាន​ចំណែក​ចាំបាច់​ក្នុង​យន្តការ​សំយោគរបស់​ឆ្អឹង ​ធ្មេញ និងសាច់​ដុំ​​ ឱ្យ​លូត​លាស់​និង​រឹង​មាំល្អ​។ វីតាមីនដេ ជា​អ្នកទាញ​កាល់ស្យូម​​យកទៅ​ចែកចាយ​​ចិញ្ចឹម​-​​ពង្រឹង​​ឆ្អឹង និងសាច់​ដុំ​​​។ កង្វះ​វីតាមីន​ដេ នឹង​ធ្វើ​ឱ្យ​​ឆ្អឹង​ខ្សោះ​​ជាតិ​រ៉ែកាល់ស្យូម ឆាប់​​ស្ពោត ដែល​ជា​ហេតុ​ធ្វើ​ងាយ​ជួយ​គ្រោះ​បាក់​ឆ្អឹង នៅ​ពេល​ចាស់​ទៅ ជា​ពិសេស​ នៅ​ពេល​អស់​រដូវចំពោះ​ស្ត្រី។ ដោយហេតុ​តែ​ស្ត្រី​មាន​​​ហានិភ័យ​​ខ្ពស់ជួប​គ្រោះ​ពុក​ឬ​ស្ពោត​ឆ្អឹង​ខ្លាំង​ជាងបុរស ទើប​​បាន​ជាអ្នកជំនាញ​​សូម​ណែនាំ​ឱ្យ​យុវតី​​​បារាំងត្រូវ​បំពេញ​បន្ថែម ជាដាច់​ខាត នូវ ​វីតាមីន​ដេ នៅពេល​កំពុងពេញ​អាយុ​លូត​លាស់​ខ្លាំង រហូត​ដល់​​២​ឆ្នាំ​ក្រោយពេញ​វ័យ​ក្រមុំពោល​គឺ​អាយុ​ពី​១០​ទៅ ១៨​ឆ្នាំ​ និង​ដល់​អាយុ​១៦-១៧​ឆ្នាំ​ចំពោះ​ក្មេង​ប្រុស។

បើ​តាម​ការសង្កេតរបស់​ក្រុមគ្រូពេទ្យ កង្វះ​វីតាមីនដេ អាច​ជា​មូលហេតុ​នាំ​ឱ្យងាយ​​កើតជំងឺ​ជា​ច្រើន​ផ្សេងៗ​ទៀត ដូច​ជាជំងឺ​មហារីក​ខ្លះ​ ជំងឺ​ទឹកនោម​ផ្អែម...។ កង្វះ​វីតាមីនដេ​អាចនឹង​ធ្វើ​ឱ្យ​​​ប្រព័ន្ធភាព​ស៊ាំ​ (ការពារ​​ខ្លួន) ចុះ​ខ្សោយ​​ ទើប​ងាយ​មានការ​​បង្ក​រោគ ងាយ​មាន​​ជំងឺ​ពាក់ព័ន្ធ​នឹងប្រព័ន្ធការពារ​ខ្លួន​ផ្សេង​ទៀត។ ដូច្នេះ​ កង្វះ​វីតាមីន ដេ មិន​មែន​ត្រឹម​តែ​បង្ក​ផលវិបាក​ដល់​ឆ្អឹង​មួយ​មុខ​ទេ។​”

ប្រសិទ្ធភាព​​របស់​វីតាមីនដេ ក្នុង​ការ​តទល់​នឹង​ការ​បង្ក​រោគ​ អាំងហ្វិចស្យុង មិន​មែន​ថ្មីថ្មោង​ឡើយ។ អង្គការ​សុខភាពពិភពលោក បានពន្យល់​តាំង​ពី​ឆ្នាំ​២០១៧​ ថា​កង្វះ​វីតាមីនដេ អាច​ប៉ះទង្គិច​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ខាងក្នុង​របស់​មនុស្ស​។ គឺ​ប្រព័ន្ធភាព​ស៊ាំ​ខាង​ក្នុង​នេះហើយ​ជា​​ខ្សែការពារ​ជួរមុខ​ទល់​នឹង​ការ​បង្ករោគ។ ជាងនេះទៅ​ទៀត ការ​វិភាគ​​ទិន្នន័យនៃ​ការសិក្សា​ជា​ច្រើនលើ​ប្រធានបទ​តែ​មួយ​នេះ​បាន​បង្ហាញ​ថា ការ​ផ្តល់វីតាមីនដេ​បន្ថែម​ ពិត​ជា​មាន​ឥទ្ធិពល​អាច​ការពារ​​ពី​ជំងឺ​បង្ករោគ​នៅ​ផ្លូវ​ដង្ហើម។ នេះបើ​តាមការ​បញ្ជាក់​បន្ថែម​របស់​អង្គការ​សុខភាព​ពិភពលោក។ ជំងឺ​បង្ក​រោគ​នៅផ្លូវដង្ហើម​ទាំងនោះ​មាន​ជា​អាទិ៍ ផ្តាយសាយធំ​​ គ្រុនក្តៅផ្តាសាយ​ធម្មតា និង​រលាកសួត (កាលណោះ​នៅ​ពុំទាន់​មានជំងឺ​កូវីដ១៩​ទេ)។

វីតាមីនដេ និង​កូវីដ​១៩

ប៉ុន្តែ​ដោយ​សារ​បាន​យល់​អំពី​សមត្ថភាពរបស់​វីតាមីនដេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​បង្ក​រោគ​នេះ​ហើយ​បាន​ជា​វេជ្ជបណ្ទិត​អេស្ប៉ាញ​លេច​គំនិត​ផ្ទៀត​ផ្ទាល់​អត្រា​នៃ​វីតាមេដេ​ របស់​អ្នក​កើត​ជំងឺ​កូវីដ១៩។ ​លទ្ធផល​ស្តែង​មក​ដូច​​ការ​គិត នៅក្នុង​ចំណោម​​អ្នក​ជំងឺ​កូវីដ១៩អេស្ប៉ាញ​ដែល​ជ្រើសរើស​យកមក​សិក្សាចំនួនដល់​ទៅ​ ​៨២,២% មាន​​វីតាមីនដេ មិនគ្រប់គ្រាន់ ពោល​គឺ​ក្រោម ១៣,៨% (២០,៩% ជា​​កំរិត​ធម្មតា) ទល់​នឹង​៤៧,៧%សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។

ការសិក្សា​មួយ​ទៀត​បាន​សន្និដ្ឋាន​ ​កង្វះ​វីតាមីនដេ​ ទំនង​ជាបាន​បង្កើន​ហានិភ័យ​១៥%​បន្ថែម​​​ ​ឱ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​កូវីដ១៩​ធ្ងន់ធ្ងរ​ និង​បង្កើន​គ្រោះ​មរណៈ​ មួយ​ជា​ពីរ​ដង​លើស​អ្នក​ជំងឺកូវីដ​១៩ មាន​វីតាមីនដេគ្រប់គ្រាន់។ បើ​តាម​អ្នកដឹកនាំ​​សិក្សា​នេះ វីតាមីនដេ ទំនង​ជា​អាច​កាត់​បន្ថយ​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩ បាន​ដោយ​សារ ​វីតាមីនដេ មានសមត្ថភាព​ទប់​ស្កាត់ការ​បង្ករោគ ដោយទៅ​លុប​បំបាត់​មិន​ឱ្យ​មានព្យុះ​​រោលរលាក​ខ្លាំ​ង cytokines។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ ចុះថ្ងៃ​ទី ២៣​ឧសភា ២០២០ ​ ​រដ្ឋបណ្ឌិតសភា​វេជ្ជសាស្ត្រ​បារាំង​ បាន​បញ្ជាក់​ថា​វីតាមីនដេពិត​ជា​អាច​មាន​សកម្មភាព​លើ​ដំណើរការ​របស់​ប្រព័ន្ធភាព​ស៊ាំ និង​មាន​តួនាទី​សម្របសម្រួល​និង​លុប​បំបាត់​ការរោលរលាកខ្លាំង​cytokinesដែល​ជា​ដើមហេតុ​ជំរុញ​ឱ្យ​អ្នក​ជំងឺកូវីដ១៩​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្លាំង​និង​ស្លាប់​មែន។ ប៉ុន្តែ​រដ្ឋបណ្ឌិត​សភា​វេជ្ជសាស្ត្រ មិន​បាន​ចាត់ទុក​ និង​ណែនាំ​ឱ្យ​ប្រើ​ ​វីតាមីនដេ​ ជា​កិច្ចការពារ ឬ​ថ្នាំ​ព្យាបាល​ជំងឺកូវីដ១៩​ទេ។

តើយើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​បង្គ្រប់វីតាមីនដេ ឱ្យ​សរីរាង្គកាយ និង​តើ​ត្រូវ​ទទួលទានអាហារ​អ្វី​ខ្លះ​ ?

កាំរស្មី និង​ពន្លឺ​ព្រះ​អាទិត្យ​ជា​ប្រភព​ផ្តល់វីតាមីនដេ ដ៏​ចំបង​បំផុត។ សូម​សំដិលដៃ ដើម​ដៃ ជើង និង​មុខ ឱ្យ​ត្រូវ​​ពន្លឺ​ព្រះអាទិត្យ​​​ នៅ​ពេល​ព្រឹក​ព្រលឹម ឬនៅ​រដូវ​ផ្ការីក​រយៈ​ពេល ១៥ ទៅ​ ២០​នាទី ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ឱ្យ​សរីរាង្គ​កាយ។ តែ​សូម​កុំ​នៅ​ហាល​ថ្ងៃ​យូរ​លើស​ពីនេះ​ពេក​ ព្រោះ​ត្រូវ​ពន្លឺ​កាំរស្មី​ព្រះអាទិត្យ​ច្រើន​ជ្រុល​ហួសហេតុ ​អាចជា​គ្រោះ​ថ្នាក់ បណ្តាលឱ្យ​កើត​​ជំងឺ​មហារីក​ស្បែកទៅ​វិញទេ។ សំដិល​ថ្ងៃ​ពីក្រោយ​ផ្ទាំង​កញ្ចក់​ គ្មានទទួល​​ប្រយោជន៍ជា​វីតាមីនដេ​ទេ។​

ក្រៅ​ពី​ពន្លឺ​ព្រះអាទិត្យ ចំណីអាហារ​​មាន​ចំណែក​ផ្តល់​នូវ​វីតាមីន​ដេ ​ប្រមាណ​ពី ១០​ទៅ ២០%​នៃ​សេចក្តីត្រូវ​ការប្រចាំ​ថ្ងៃ​របស់​មនុស្ស​ពេញ​វ័យ និង​ទាប​ខ្លាំង​សម្រាប់​ទារក​និង​កុមារ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាពពិភពលោក។ ចំណីអាហារ​ដែល​មាន​ផ្ទុក​វីតាមីនដេ កំរិត​ខ្ពស់​ជាង​គេ គឺប្រេង​​ថ្លើមត្រី​ ប៉ុន្តែ​គេទំនង​ជា​ត្រូវ​ទទួល​ទាន​ជា​ច្រើន​លីត្រ ទើប​គ្រប់គ្រាន់​។ ពពួក​ត្រីខ្លាញ់ ដូច​ជា​ត្រី​សាល់​ម៉ាន់ ត្រី​ម៉ាក្រូ(ត្រី​ចំហុយ) គ្រឿង​ក្នុង​ (ពិសេស​ថ្លើម) ស៊ុត​ (ពង​លឿង) ម្ហូបអាហារ​ធ្វើ​ពី​ទឹកដោះ​សត្វ ប៊ឺ ហ្វ្រូម៉ា និង​សាច់ សុទ្ធ​តែជា​អាហារ​ដែលមាន​វីតាមីនដេ កំរិត​ខ្ពស់។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​សូម​ទទួល​ទាន​ឱ្យ​បានគ្រប់​មុខ​ ប្តូរផ្លាស់មុខ​ម្ហូប​បន្លែ​ត្រី​សាច់​ឱ្យ​បាន​​ច្រើន​មុខ​​ ចម្រុះ​ជា​ប្រចាំ​ និងបន្ថែម​អាហារ​មាន​វីតាមីន​ដេ​ខ្ពស់​ជា​រឿយៗ។ បើ​ក្នុងករណីអ្នក​យល់​ថា​មានបញ្ហា​ខ្វះ​វីតាមីនដេ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ទទួល​ថ្នាំ​ វីតាមីនដេ បន្ថែម ជា​ថ្នាំ​អំពូល​កាច់​ផឹក សម្រាប់ជំនួយ​ជា​ប្រចាំ​ ឬ​ម្តងម្កាល​ទៅ​តាម​សភាព​ជាក់​ស្តែង​នៃ​ស្ថានភាព​សុខភាព​របស់​អ្នក៕

ប្រភព៖ វិទ្យុអាស៊ីសេរី

ចុះផ្សាយ​នៅ​ថ្ងៃ៖ 03/វិច្ឆិកា/2020

#WETCREALESTATE

ប្រភពនៃវីតាមីនដេ

News Related