សម្តេចតេជោ បានប្រកាសបើក ការដ្ឋានសាងសង់ផ្លូវចំនួន​​ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ចាប់ពីពេលនេះតទៅ

48 views | 2020-11-30 13:12:11
សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​​ចាំបាច់​ក្នុងការរៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកខ្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការពារ ​និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩។​
សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមុខសម្ពោធបើកការដ្ឋាន និងកែលម្អផ្លូវចំនួន៣៨ខ្សែនៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តាមគម្រោងកម្មវិធីបើការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង១ពាន់នាក់ តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវី១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួមមកត្រឹម១០០នាក់តែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។
 
 
មុននឹងបញ្ចប់ សម្ដេចតេជោហ៊ុន សែន ក៏បានអញ្ជើញប្រកាសបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះចាប់ពីពេលនេះតទៅ៕
 
ប្រភព៖ ផេកផ្លុវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
រក្សាសិទ្ធិដោយ វី-ធីស៊ីរៀលអ៊ីស្ទេត

News Related