សម្តេចតេជោ បានប្រកាសបើក ការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ចាប់ពីពេលនេះតទៅ
48 មើល | 2020-11-30 13:12:11សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមុខសម្ពោធបើកការដ្ឋាន និងកែលម្អផ្លូវចំនួន៣៨ខ្សែនៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តាមគម្រោងកម្មវិធីបើការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង១ពាន់នាក់ តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវី១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួមមកត្រឹម១០០នាក់តែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។
មុននឹងបញ្ចប់ សម្ដេចតេជោហ៊ុន សែន ក៏បានអញ្ជើញប្រកាសបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះចាប់ពីពេលនេះតទៅ៕
ប្រភព៖ ផេកផ្លុវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
រក្សាសិទ្ធិដោយ វី-ធីស៊ីរៀលអ៊ីស្ទេត