“ជួយគ្នាក្នុងគ្រាក្រ” ក្រុមហ៊ុនវីធីស៊ី រៀលអុីស្ទេត បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគជូនដល់អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
25 មើល | 2020-10-21 09:59:32ក្រុងប៉ោយប៉ែត៖ នាព្រឹកថ្ងៃអង្គារ៍ ០៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រងព្រមទាំងក្រុមការងារនៃក្រុមហ៊ុនវីធីស៊ី រៀលអ៊ីស្ទេតប្រចាំនៅសាខាក្រុងប៉ោយប៉ែត ដែលដឹកនាំដោយ លោក លឺ ភារុណ នាយកប្រតិបត្តិ របស់ក្រុមហ៊ុនវីធីស៊ី រៀលអុីស្ទេត បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដែរមានដូចជា អង្ករ៥០០គីឡូ មីចំនួន៥០កេស និងទឹកសុទ្ធ ចំនួន៥០យួរ ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់និមិត្ត ដើម្បីចែកជូនដល់បងប្អូន ប្រជាជនយើងដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលស្ថិតនៅក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។ ទន្ទឹមនេះយើងឃើញថាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងតែខ្នះខ្នែងក្នុងការជួយអន្តរាគមន៍ដោយលោកបានបញ្ជូនកងកំលាំងជាច្រើននាក់ដើម្បីជួយសង្រ្គោះព្រមជាមួយនៅអំណោយជាច្រើនដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ នៅតាមបណ្តារខេត្តផ្សេងៗដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ផងដែរ។ ជាមួយគ្នានេះដែរយើងឃើញថាក៏មានសប្បុរសជនជាច្រើនផ្សេងទៀតក៏បានជួយជាទឹកប្រាក់ ព្រមជាមួយគ្រឿងឧបភោគ បរិភោគ ដើម្បីប្រគល់ជូនដល់រាជរដ្ឋាភិបាលយើងដើម្បីជួយទៅដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ។ ទាំងនេះសបញ្ជាក់អំពីទឹកចិត្តនិងឆន្ទៈក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ន ជាមួយទឹកចិត្តនៃស្រលាញ់បងប្អូនប្រជាជនខ្មែរយើង ដោយមិនប្រកាន់លើនិន្នាការនយោបាយឡើយ ជាពិសេសក្នុងគោលបំណងដើម្បីសន្តិភាព ភាតរៈភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិយើង។ ថ្មីៗនេះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងក៏បានជូនដំណឹងដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពីព្រោះប្រសិនបើប្រទេសថៃបើទម្លាក់ទឹកមក នោះខេត្តបន្ទាយមានជ័យអាចនឹងទទួលរងគ្រោះទឹកជំនន់កាន់តែខ្លាំងថែមទៀត។ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីបង្ការ និងការពារនូវហានិភ័យផ្សេងៗដោយសារបញ្ហាទឹកជំនន់នេះ។
រក្សាសិទ្ធដោយ៖ ក្រុមហ៊ុនវីធីស៊ី រៀលអ៊ីស្ទេត
@wetcrealestate @wetcrealestatepoipet