អ្នកជំងឺកូវីដ១៩ ច្រើនតែជាអ្នកមានកង្វះវីតាមីនដេ ហើយការខ្វះវីតាមីនដេ ទំនងជាបង្កើនគ្រោះធ្លាក់ខ្លួនឈឺ កូវីដ១៩ ធ្ងន់ធ្ងរទៀតផង
32 មើល | 2020-11-05 10:27:51បើតាមការសិក្សារបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រអេស្ប៉ាញ ចេញផ្សាយក្នុងទំព័រទស្សនាវដ្តីសុខភាព Journal of Clinical Endocrinology & Metabolism នៅថ្ងៃទី ៣០តុលា២០២០ អ្នកជំងឺកូវីដ១៩ ច្រើនតែជាអ្នកមានកង្វះវីតាមីនដេ។ ហើយការខ្វះវីតាមីនដេ ទំនងជាបង្កើនគ្រោះធ្លាក់ខ្លួនឈឺ កូវីដ១៩ ធ្ងន់ធ្ងរ ទៀតផង។ ការសិក្សាក្នុងទ្រង់ទ្រាយធំ ស្តីអំពីឥទ្ធិពលរបស់វីតាមីនដេ ចំពោះជំងឺកូវីដ១៩កំពុងចាប់ផ្តើម។ តើអ្វីទៅជា វីតាមីនដេ ? វីតាមីនដេ មានតួនាទីយ៉ាងណាខ្លះ? តើកង្វះវីតាមីនដេ អាចបង្កផលវិបាកយ៉ាងណាចំពោះសុខភាពទូទៅ? តើវីតាមីនដេ អាចដើរតួនាទីជាអ្នកការពារជំងឺកូវីដ១៩បានយ៉ាងណានោះ? តើអ្វីជាប្រភពផ្តល់វីតាមីដេ ?
ល្អសម្រាប់ឆ្អឹង ល្អសម្រាប់សាច់ដុំ និង បេះដូង វីតាមីនដេ ជាវីតាមីនដែលមិនអាចខ្វះបាន។ សរីរាង្គកាយមនុស្ស មានដំណើរការល្អបាន ចាំបាច់ត្រូវមានវីតាមីន ដេ គ្រប់គ្រាន់។ ប៉ុន្តែកង្វះវីតាមីនដេ មិនមែនជាករណីកម្រទេ។ មនុស្សជិតកន្លះផែនដីខ្វះវីតាមីនដេ។ នៅប្រទេសបារាំង បើតាមស្ថិតិជាតិ មានពលរដ្ឋដល់៨០% មានបញ្ហាខ្វះវីតាមីនដេ ជាពិសេសនៅរដូវរងារ។ រដូវរងារ ដែលមានរយៈពេលវែង និង ពុំសូវមានពន្លឺថ្ងៃ (យប់យូរជាងថ្ងៃ) ហើយមនុស្សត្រូវស្លៀកពាក់ការពារត្រជាក់ គ្របរាងកាយតាំងពី ក្បាលដល់ចុងជើង សល់តែប្រលោះមុខបន្តិច។
បើតាមភ្នាក់ងារសុខភាពសាធារណៈបារាំង ជនដែលប្រឈមនឹងរងគ្រោះខ្វះវីតាមីនដេ ជាងគេ គឺ មនុស្សវ័យចំណាស់ មនុស្សសម្បុរស្បែកស្រគាំ ឬខ្មៅ ព្រោះសម្បុរបែបនេះមិនសូវធ្វើសំយោគជាមួយនឹងពន្លឺព្រះអាទិត្យ និងស្ត្រីដល់វ័យអស់រដូវ ដែលក្នុងដំណាក់កាលនេះប្រព័ន្ធអ័រមូនមានការប្រែប្រួលខ្លាំង។
ខុសពីវីតាមមីនសេ ខ្លួនប្រាណមនុស្សអាចផលិត វីតាមីនដេ បានដោយខ្លួន បានមួយចំណែក តាមរយៈស្បែកដែលធ្វើសកម្មភាពស្រូបរស្មីពន្លឺព្រះអាទិត្យមកសំយោគជាមួយនឹងខ្លាញ់កូឡេស្តេរ៉ូល។ វីតាមីនដេមួយភាគទៀត បានមកពីការប្រភពខាងក្រៅ ពោលគឺតាមរយៈការទទួលទានចំណីអាហារ។
គេអាចចាត់ទុកមនុស្សម្នាក់ថាមានវីតាមីនដេមិនគ្រប់គ្រាន់ នៅពេលលទ្ធផលវិភាគឈាមបង្ហាញថា អត្រាវីតាមីនដេ ធ្លាក់ចុះក្រោម ២០ ណាណូក្រាម ក្នុង១មីល្លីលីត្រឈាម។ បើធ្លាក់ក្រោម១២ណាណូក្រាមក្នុងមួយមីល្លឺលីត្រឈាម នោះទើបចាត់ទុកថាមានកង្វះវីតាមីនដេ។ ក្រៅអំពីការធ្វើតេស្តវិភាគឈាម គេអាចសម្គាល់អាការៈខ្វះវីតាមីនដេ បានដោយឆ្អឹងមានការលូតលាស់មិនត្រឹមត្រូវ (អាចនឹងធ្វើឱ្យក្មេង ជាពិសេសមានអាការៈក្រិស ព្រោះទ្រង់ទ្រាយឆ្អឹងខូចលូតលាស់មិនល្អ) ឬ បាត់បង់កំហាប់ឆ្ឆឹង (ឆ្អឹងស្តើង-ស្ពោត) ដែលជាហេតុនាំឆ្អឹងងាយបាក់ (បើគ្មានលំហាត់ប្រាណនិងការធ្វើកីឡាជាទម្លាប់ល្អទៀត ហានិភ័យបាក់ឆ្អឹងនឹងកើនឡើងកាន់ខ្ពស់ខ្លាំង)។ឈឺចាប់សាច់ដុំ ឬសាច់ដុំខ្សោយ ក៏ជាសញ្ញាមួយកង្វះវីតាមីនដេដែរ។ អាការៈបែបនេះអាចធ្វើឱ្យមនុស្សចាស់កាន់តែងាយដួល ហើយបាក់ឆ្អឹងណាមួយបាន។ កង្វះវីតាមីនដេ អាចធ្វើអ្នកមានអារម្មណ៍នឿយហត់អស់កម្លាំងជាប្រចាំ។
ផលវិបាកនៃកង្វះវីតាមីនដេ
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pr Patrick Tounian ប្រធានផ្នែកពោះវៀនក្រពះនិងចំណីអាហារ នៅមន្ទីរពេទ្យ Armand Trousseau ក្រុងប៉ារីស ៖ “វីតាមីនដេ មានតួនាទីជាស្រូបជាតិកាល់ស្យូម ពីចំណីអាហារដែលយើងទទួលទានចូលទៅ។ បើគ្មានវីតាមីនដេគ្រប់គ្រាន់ទេ ខ្លួនប្រាណយើងនឹងមិនអាចទទូលបានជាតិកាល់ស្យូមពីប្រព័ន្ធរំលាយអាហារបានឡើយ ហើយជាតិកាល់ស្យូមនេះមិនអាចទៅបំប៉នឆ្អឹងបានដែរ។ និយាយជារួម វីតាមីនដេ មានចំណែកចាំបាច់ក្នុងយន្តការសំយោគរបស់ឆ្អឹង ធ្មេញ និងសាច់ដុំ ឱ្យលូតលាស់និងរឹងមាំល្អ។ វីតាមីនដេ ជាអ្នកទាញកាល់ស្យូមយកទៅចែកចាយចិញ្ចឹម-ពង្រឹងឆ្អឹង និងសាច់ដុំ។ កង្វះវីតាមីនដេ នឹងធ្វើឱ្យឆ្អឹងខ្សោះជាតិរ៉ែកាល់ស្យូម ឆាប់ស្ពោត ដែលជាហេតុធ្វើងាយជួយគ្រោះបាក់ឆ្អឹង នៅពេលចាស់ទៅ ជាពិសេស នៅពេលអស់រដូវចំពោះស្ត្រី។ ដោយហេតុតែស្ត្រីមានហានិភ័យខ្ពស់ជួបគ្រោះពុកឬស្ពោតឆ្អឹងខ្លាំងជាងបុរស ទើបបានជាអ្នកជំនាញសូមណែនាំឱ្យយុវតីបារាំងត្រូវបំពេញបន្ថែម ជាដាច់ខាត នូវ វីតាមីនដេ នៅពេលកំពុងពេញអាយុលូតលាស់ខ្លាំង រហូតដល់២ឆ្នាំក្រោយពេញវ័យក្រមុំពោលគឺអាយុពី១០ទៅ ១៨ឆ្នាំ និងដល់អាយុ១៦-១៧ឆ្នាំចំពោះក្មេងប្រុស។
បើតាមការសង្កេតរបស់ក្រុមគ្រូពេទ្យ កង្វះវីតាមីនដេ អាចជាមូលហេតុនាំឱ្យងាយកើតជំងឺជាច្រើនផ្សេងៗទៀត ដូចជាជំងឺមហារីកខ្លះ ជំងឺទឹកនោមផ្អែម...។ កង្វះវីតាមីនដេអាចនឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំ (ការពារខ្លួន) ចុះខ្សោយ ទើបងាយមានការបង្ករោគ ងាយមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួនផ្សេងទៀត។ ដូច្នេះ កង្វះវីតាមីន ដេ មិនមែនត្រឹមតែបង្កផលវិបាកដល់ឆ្អឹងមួយមុខទេ។”
ប្រសិទ្ធភាពរបស់វីតាមីនដេ ក្នុងការតទល់នឹងការបង្ករោគ អាំងហ្វិចស្យុង មិនមែនថ្មីថ្មោងឡើយ។ អង្គការសុខភាពពិភពលោក បានពន្យល់តាំងពីឆ្នាំ២០១៧ ថាកង្វះវីតាមីនដេ អាចប៉ះទង្គិចដល់ប្រព័ន្ធភាពស៊ាំខាងក្នុងរបស់មនុស្ស។ គឺប្រព័ន្ធភាពស៊ាំខាងក្នុងនេះហើយជាខ្សែការពារជួរមុខទល់នឹងការបង្ករោគ។ ជាងនេះទៅទៀត ការវិភាគទិន្នន័យនៃការសិក្សាជាច្រើនលើប្រធានបទតែមួយនេះបានបង្ហាញថា ការផ្តល់វីតាមីនដេបន្ថែម ពិតជាមានឥទ្ធិពលអាចការពារពីជំងឺបង្ករោគនៅផ្លូវដង្ហើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អង្គការសុខភាពពិភពលោក។ ជំងឺបង្ករោគនៅផ្លូវដង្ហើមទាំងនោះមានជាអាទិ៍ ផ្តាយសាយធំ គ្រុនក្តៅផ្តាសាយធម្មតា និងរលាកសួត (កាលណោះនៅពុំទាន់មានជំងឺកូវីដ១៩ទេ)។
វីតាមីនដេ និងកូវីដ១៩
ប៉ុន្តែដោយសារបានយល់អំពីសមត្ថភាពរបស់វីតាមីនដេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ករោគនេះហើយបានជាវេជ្ជបណ្ទិតអេស្ប៉ាញលេចគំនិតផ្ទៀតផ្ទាល់អត្រានៃវីតាមេដេ របស់អ្នកកើតជំងឺកូវីដ១៩។ លទ្ធផលស្តែងមកដូចការគិត នៅក្នុងចំណោមអ្នកជំងឺកូវីដ១៩អេស្ប៉ាញដែលជ្រើសរើសយកមកសិក្សាចំនួនដល់ទៅ ៨២,២% មានវីតាមីនដេ មិនគ្រប់គ្រាន់ ពោលគឺក្រោម ១៣,៨% (២០,៩% ជាកំរិតធម្មតា) ទល់នឹង៤៧,៧%សម្រាប់ប្រជាពលរដ្ឋទូទៅ។
ការសិក្សាមួយទៀតបានសន្និដ្ឋាន កង្វះវីតាមីនដេ ទំនងជាបានបង្កើនហានិភ័យ១៥%បន្ថែម ឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺកូវីដ១៩ធ្ងន់ធ្ងរ និងបង្កើនគ្រោះមរណៈ មួយជាពីរដងលើសអ្នកជំងឺកូវីដ១៩ មានវីតាមីនដេគ្រប់គ្រាន់។ បើតាមអ្នកដឹកនាំសិក្សានេះ វីតាមីនដេ ទំនងជាអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ បានដោយសារ វីតាមីនដេ មានសមត្ថភាពទប់ស្កាត់ការបង្ករោគ ដោយទៅលុបបំបាត់មិនឱ្យមានព្យុះរោលរលាកខ្លាំង cytokines។ នៅក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ២៣ឧសភា ២០២០ រដ្ឋបណ្ឌិតសភាវេជ្ជសាស្ត្របារាំង បានបញ្ជាក់ថាវីតាមីនដេពិតជាអាចមានសកម្មភាពលើដំណើរការរបស់ប្រព័ន្ធភាពស៊ាំ និងមានតួនាទីសម្របសម្រួលនិងលុបបំបាត់ការរោលរលាកខ្លាំងcytokinesដែលជាដើមហេតុជំរុញឱ្យអ្នកជំងឺកូវីដ១៩ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំងនិងស្លាប់មែន។ ប៉ុន្តែរដ្ឋបណ្ឌិតសភាវេជ្ជសាស្ត្រ មិនបានចាត់ទុក និងណែនាំឱ្យប្រើ វីតាមីនដេ ជាកិច្ចការពារ ឬថ្នាំព្យាបាលជំងឺកូវីដ១៩ទេ។
តើយើងត្រូវធ្វើដូចម្តេចដើម្បីបង្គ្រប់វីតាមីនដេ ឱ្យសរីរាង្គកាយ និងតើត្រូវទទួលទានអាហារអ្វីខ្លះ ?
កាំរស្មី និងពន្លឺព្រះអាទិត្យជាប្រភពផ្តល់វីតាមីនដេ ដ៏ចំបងបំផុត។ សូមសំដិលដៃ ដើមដៃ ជើង និងមុខ ឱ្យត្រូវពន្លឺព្រះអាទិត្យ នៅពេលព្រឹកព្រលឹម ឬនៅរដូវផ្ការីករយៈពេល ១៥ ទៅ ២០នាទី ដើម្បីបង្គ្រប់សេចក្តីត្រូវការប្រចាំថ្ងៃឱ្យសរីរាង្គកាយ។ តែសូមកុំនៅហាលថ្ងៃយូរលើសពីនេះពេក ព្រោះត្រូវពន្លឺកាំរស្មីព្រះអាទិត្យច្រើនជ្រុលហួសហេតុ អាចជាគ្រោះថ្នាក់ បណ្តាលឱ្យកើតជំងឺមហារីកស្បែកទៅវិញទេ។ សំដិលថ្ងៃពីក្រោយផ្ទាំងកញ្ចក់ គ្មានទទួលប្រយោជន៍ជាវីតាមីនដេទេ។
ក្រៅពីពន្លឺព្រះអាទិត្យ ចំណីអាហារមានចំណែកផ្តល់នូវវីតាមីនដេ ប្រមាណពី ១០ទៅ ២០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យ និងទាបខ្លាំងសម្រាប់ទារកនិងកុមារ។ នេះបើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ ចំណីអាហារដែលមានផ្ទុកវីតាមីនដេ កំរិតខ្ពស់ជាងគេ គឺប្រេងថ្លើមត្រី ប៉ុន្តែគេទំនងជាត្រូវទទួលទានជាច្រើនលីត្រ ទើបគ្រប់គ្រាន់។ ពពួកត្រីខ្លាញ់ ដូចជាត្រីសាល់ម៉ាន់ ត្រីម៉ាក្រូ(ត្រីចំហុយ) គ្រឿងក្នុង (ពិសេសថ្លើម) ស៊ុត (ពងលឿង) ម្ហូបអាហារធ្វើពីទឹកដោះសត្វ ប៊ឺ ហ្វ្រូម៉ា និងសាច់ សុទ្ធតែជាអាហារដែលមានវីតាមីនដេ កំរិតខ្ពស់។
ទោះជាយ៉ាងដូច្នេះក្តី ក៏សូមទទួលទានឱ្យបានគ្រប់មុខ ប្តូរផ្លាស់មុខម្ហូបបន្លែត្រីសាច់ឱ្យបានច្រើនមុខ ចម្រុះជាប្រចាំ និងបន្ថែមអាហារមានវីតាមីនដេខ្ពស់ជារឿយៗ។ បើក្នុងករណីអ្នកយល់ថាមានបញ្ហាខ្វះវីតាមីនដេ សូមជួបពិគ្រោះជាមួយគ្រូពេទ្យបានទទួលថ្នាំ វីតាមីនដេ បន្ថែម ជាថ្នាំអំពូលកាច់ផឹក សម្រាប់ជំនួយជាប្រចាំ ឬម្តងម្កាលទៅតាមសភាពជាក់ស្តែងនៃស្ថានភាពសុខភាពរបស់អ្នក៕
ប្រភព៖ វិទ្យុអាស៊ីសេរី
ចុះផ្សាយនៅថ្ងៃ៖ 03/វិច្ឆិកា/2020
#WETCREALESTATE